កាលបរិច្ឆេទ: ០៩ មិថុនា ២០២៥ / សុខភាព / Author : ATH Sokren
ឱសថស្ថានប្រមាណជាង២០នៅកម្ពុជាដែលឈានមុខគេក្នុងការលក់ផលិតផល Dynamogen ត្រូវបានអញ្ជើញឱ្យចូលរួមដំណើរកម្សាន្តទៅប្រទេសវៀតណាមរយៈពេលបួនថ្ងៃ។ មានអ្នកចូលរួមទាំងអស់ប្រមាណជាង៦០នាក់មកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងដំណើរកម្សាន្តនេះ ដែលជាគំនិតផ្តួចផ្តើមឡើងដោយក្រុមការងារនៃនាយកដ្ឋានពាណិជ្ជកម្មរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Faes ជាអ្នកផលិតផលិតផលម៉ាក Dynamogen ។
Dynamogen ដែលជាផលិតផលឈានមុខគេរបស់ក្រុមហ៊ុន Faes ត្រូវបានទទួលស្គាល់ថាជាឱសថសម្រាប់បំប៉នសុខភាព ព្រោះវាជួយឱ្យបាយឆ្ងាញ់ និងមានកម្លំាងកំហែង ជាពិសេសសម្រាប់អ្នកដែលងើបពីឈឺ ឬអ្នកដែលមានអាការៈហេវហត់អស់កម្លាំង។ ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Faes និងសហគ្រាសផលិតឱសថប៉េប៉េអឹមបានសហការគ្នាយ៉ាងស្អិតរមួតដើម្បីធានាឱ្យមានវត្តមានផលិតផល Dynamogen និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។
លោកតិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានគូសបញ្ជាក់ថា ដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណចំពោះឱសថស្ថានជាដៃដែលតែងតែគាំទ្រផលិតផលរបស់សហគ្រាសរហូតមក ជាពិសេសចំពោះផលិតផលម៉ាក Dynamogen ។ លោកបានថ្លែងថា៖ «ដំណើរកម្សាន្តនេះដែរគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន Faes ។ វាបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈរបស់ក្រុមហ៊ុនទាំងពីរក្នុងការពង្រឹងវត្តមានរបស់ពួកគេនៅកម្ពុជា និងលើកទឹកចិត្តដល់ការប្តេជ្ញាចិត្តរបស់អ្នកជំនាញផ្នែកសុខភាពក្នុងស្រុកក្នុងការលើកកម្ពស់ផលិតផលដែលមានគុណភាព»៕